ឥណ្ឌូណេស៊ីបង្កើតកំណត់ត្រាថ្មីមួយទៀតឡើងវគ្គ ៤ ក្រុម AFC U23 Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម ២៣ ឆ្នាំបានបង្កើតកំណត់ត្រាប្រវត្តិជាថ្មីក្នុងពានរង្វាន់យុវជនអាស៊ីអាយុក្រោម ២៣ឆ្ នាំ AFC U23 Asian Cup ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ ឥណ្ឌូណេស៊ី បានយកឈ្នះក្រុមខ្លាំង កូរ៉េខាងត្បូង តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ១១ ម៉ែត្រដោយលទ្ធផលដ៏រំជើបរំជួលគឺ ១១-១០ បន្ទាប់ពីក្រុមទាំងពីរបញ្ចប់១២០នាទីស្មើគ្នាដោយលទ្ធផល ២-២។
ការប្រកួតបានត្រឹមតែ ១៥ នាទី ឥណ្ឌូណេស៊ី បានបើកការនាំមុខ ០-១ មុនដោយកីឡាករ Struick ប៉ុន្តែកីឡាករឥណ្ឌូណេស៊ី Komang Teguh បានភ្លាត់ចូលទីខ្លួនឯងធ្វើឲ្យកូរ៉េខាងត្បូងតាមស្មើ ១-១ នៅនាទី៤៥+១។ ភ្លាមៗនោះមុនពេលបញ្ចប់វគ្គទី១ Struick រកបាន១គ្រាប់ដើម្បីនាំមុខ ១-២ ជាថ្មី។
វគ្គទី២ កីឡាករកូរ៉េខាងត្បូង Young –Jun រងពិន័យកាតក្រហមបណ្តេញចេញពីទីលានដែលធ្វើឲ្យពួកគេមានគ្នា១០ទល់នឹងឥណ្ឌូណេស៊ី ១១ នាក់នៅលើទីលាន។ ទោះបីជាមានគ្នាតែ ១០ នាក់ ក៏កូរ៉េខាងត្បូងរកបានគ្រាប់បាល់តាមស្មើ ២-២ នៅទី៨៤ដោយកីឡាករ Jeong។
សម្រាប់នាទីបន្ទាប់គ្មានគ្រាប់បាល់កើតឡើងទេដោយត្រូវបន្ថែម១៥នាទីពីរដងក៏គ្មានគ្រាប់បាល់។ ទីបំផុត ក្រុមទាំងពីរត្រូវទាត់ប៉េណាល់ទីកាត់សេចក្តីដើម្បីរកអ្នកឈ្នះ។ ការទាត់ប៉េណាល់ទីកាត់សេចក្តីពិតជារន្ធត់ខ្លាំងណាស់ដោយត្រូវស៊ុតរហូតដល់ ១២ គ្រាប់ម្ខាងទើបចប់។ ឥណ្ឌូណេស៊ីស៊ុតចូល១១ គ្រាប់ អត់ចូល១គ្រាប់ ខណៈកូរ៉េខាងត្បូងស៊ុតចូល១០គ្រាប់ អត់ចូល២គ្រាប់។
ការឡើងដល់វគ្គ៨ក្រុមចុងក្រោយគឺជាប្រវត្តិសាស្ត្រដំបូងរបស់ឥណ្ឌូណេស៊ីក្នុងពានរង្វាន់ AFC U23 Asian Cup ហើយបានបង្កើតប្រវត្តិសាស្ត្រថ្មីជាលើកទី២ក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុមអាស៊ានមួយនេះ។
កាលពីយប់មិញ ក្រុមម្ចាស់កាតារបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមខ្លាំង ជប៉ុន ដោយលទ្ធផល ២-៤។ នៅវគ្គ៤ក្រុមចុងក្រោយ ឥណ្ឌូណេស៊ី ត្រូវប៉ះក្រុមឈ្នះរវាងអ៊ូបេគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ខណៈ ជប៉ុន ត្រូវប៉ះក្រុមឈ្នះរវាង អ៉ីរ៉ាក់ និងវៀតណាម៕ អានពត៌មានប្រចាំថ្ងៃ

Comments
Post a Comment